កាលបរិច្ឆេទ: ០៨ ឧសភា ២០២៥ / ជិវិត និងសង្គម / Author : ATH Sokren
កាលពីថ្ងៃសុក្រ ទី១១ មេសា សណ្ឋាគារ Penh House មានកិតិ្តយសដោយបានទទួលស្វាគមន៍មេចុងភៅដ៏ចំណានជនជាតិខ្មែរសញ្ជាតិបារាំង ដែលជាភ្ញៀវពិសេសរបស់លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ស្ថាបនិក និងជាប្រធានអគ្គនាយកក្រុមហ៊ុនសហគ្រាសប៉េប៉េអឹម-ខនហ្វីរេល និងសណ្ឋាគារ Penh House។ វត្តមានរបស់មេចុងភៅដ៏ចំណានរូបនេះគឺជាឱកាសបង្កើតការច្នៃប្រឌិតថ្មី ការផ្ទេរចំណេះដឹង និងការកែច្នៃរសជាតិម្ហូបខ្មែរ។
ពេលរសៀល មេចុងភៅលោកសាកល និងមេចុងភៅប្រចាំនៅសណ្ឋាគារគឺលោកវណ្ណាបានរួមគ្នាច្នៃចម្អិនម្ហូបពីរមុខដ៏ប្រណីតដោយប្រើគ្រឿងផ្សំពីប្រហុកម្សៅម៉ាក KIRUM ដែលជាផលិតផលថ្មីឈានមុខគេរបស់ក្រុមហ៊ុនខនហ្វីរេល។ មុខម្ហូបទាំងពីរនោះមានៈ
- ត្រីសាល់ម៉ុនឆៅជ្រលក់ជាមួយទឹកជ្រលក់ធ្វើពីប្រហុកម្សៅលាយទឹកអំពិលទុំបន្ថែមរសជាតិជាមួយប្រេងអូលីវ និងជីរគ្រប់មុខ។
- ម្ទេសប្លោកតូចអាំងរួចយកទៅត្រាំជាមួយទឹកជ្រលក់ដែលផ្សំពីម្សៅប្រហុករសជាតិខ្លាំង ទឹកខ្មេះទឹកត្នោតម៉ាក KIRUM និងម្រេចកំពត។
ការបង្ហាញពីវិធីធ្វើម្ហូបពីរមុខនេះត្រូវបានធ្វើឡើងក្រោមក្រសែភ្នែកយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារមកពីសារព័ត៌មានដ៏សំខាន់ប្រចាំនៅកម្ពុជាគឺ ThmeyThmey និង Cambodianess ដែលបានមកសម្ភាសន៍លោក ភឿង សាកល ជុំវិញទស្សនវិស័យរបស់លោកលើមុខម្ហូបខ្មែរសម័យទំនើប ពីជីវិតរបស់លោកក្នុងនាមជាមេចុងភៅដ៏ចំណាន ពីភោជនីយដ្ឋានទាំងបីកន្លែងរបស់លោកនៅទីក្រុងហូជីមិញ។
បន្ទាប់ពីចម្អិនម្ហូប និងឆ្លើយសំណួររបស់អ្នកកាសែតរួចហើយ មេចុងភៅដ៏ល្បីគឺលោក ភឿង សាកល បានទៅរួមតុជាមួយលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង នៅលើដំបូលសណ្ឋាគារ Penh House ដើម្បីជជែកគ្នាលេង បន្ទាប់ពីបានចូលរួមក្នុងឱកាសប្រារព្វពិធីបុណ្យចូលឆ្នាំខ្មែរដែលរៀបចំឡើងនៅចោមចៅ។ អ្នកទាំងពីរបានភ្លក់មុខម្ហូបដែលទើបតែបង្កើតថ្មីពីរមុខគឺភីហ្សាប្រហុក ដែលនឹងត្រូវដាក់បញ្ចូលទៅក្នុងម៉ឺនុយនៅភោជនីយដ្ឋាន Penh House ។
ការជជែកគ្នាបានឈានចូលដល់សាច់រឿងទាក់ទងនឹងម៉ឺនុយ « Prahok Gourmand » ដែលនៅក្នុងនោះមានមុខម្ហូបថ្មីៗប្រណីតៗចំនួនប្រាំមុខប្រើគ្រឿងផ្សំពីប្រហុកម្សៅ។ ពិធីជប់លៀងនេះផ្តើមឡើងជាមួយភេជ្ជៈ Kemito និងបញ្ចប់ជាមួយនឹងបង្អែមផ្លែឈើលាយស្រា Jaya Spirit ដែលជាប្រភេទស្រាប្រចាំក្រុមហ៊ុនខនហ្វីរេល។
មេចុងភៅ ភឿង សាកល សម្តែងក្តីសោមនស្សរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ក្រុមការងាររបស់សណ្ឋាគារ Penh House ក្នុងរយៈពេលបីថ្ងៃដែលលោកស្នាក់នៅក្នុងសណ្ឋាគារនេះ មុននឹងលោកត្រឡប់ទៅទីក្រុងហូជីមិញ ទៅគ្រប់គ្រងភោជនីយដ្ឋានទាំងបីកន្លែងរបស់លោកវិញ៕ #វីដេអូ